
អ្នកជំងឺទឹកនោមផ្អែមគឺ អ្នកជំងឺដែលមានកំរិតជាតិស្ករលើសនៅក្នុងឈាម ប៉ុន្តែនៅពេលដែលអ្នកជំងឺធ្វើការព្យាបាលមិនបានត្រឹមត្រូវ ឬមិនមានការតាមដានប្រាកដប្រជាតាមការកំណត់ដោយគ្រូពេទ្យ ពេលនោះអ្នកជំងឺអាចប្រឈមនឹងការលេចចេញអាការៈកង្វះជាតិស្ករ។ ការខ្វះជាតិស្ករនេះក៏អាចជាកត្តាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត សំរាប់អ្នកជំងឺទឹកនោមផ្អែមផងដែរ ក្នុងស្ថានភាពធ្ងន់ធ្ងរណាមួយ ដែលការសង្គ្រោះមានការយឺតយ៉ាវ។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមត្រូវស្វែងយល់អោយបានច្បាស់លាស់នូវជំងឺខ្វះជាតិស្ករនេះ ដើម្បីចៀសវាងគ្រោះថ្នាក់។
២) តើជាតិស្ករធ្លាក់ដល់កម្រិតណា
ទើបគេហៅថាការខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម?
ប្រសិនបើជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមធ្លាក់ចុះទាបជាង ៧០ mg/dL នោះគាត់មានជំងឺខ្វះជាតិស្ករហើយ។>
៣) ហេតុអ្វីបានជាជំងឺខ្វះជាតិស្ករបណ្តាលអោយមានគ្រោះថ្នាក់?
ខួរក្បាលរបស់យើង ត្រូវការជាចាំបាច់នូវជាតិស្ករដែលរត់នៅក្នុងសរសៃឈាម។ កោសិកាខួរក្បាលរចាប់យកជាតិស្ករទាំងនេះយកទៅប្រើប្រាស់ និងបំលែងទៅជាថាមពល។ ប៉ុន្តែកោសិកាខួរក្បាលមិនអាចសំយោគជាតិស្ករ ឬក៏ចាប់យកជាតិស្ករ មកស្តុកទុកបានទេហេតុនេះហើយនៅពេលដែលជាតិស្ករនៅក្នុងឈាមធ្លាក់ចុះ កោសិកាខួរក្បាលរងការប៉ះពាល់ភ្លាមៗ។ ម៉្យាងវិញទៀតអ្នកជំងឺដែលមានចុះជាតិស្ករញឹកញាប់ អាចប្រឈមមុខនឹងគ្រោះថ្នាក់សរសៃឈាមបេះដូងផងដែរ។
- ញ័រដៃ ញ័រជើង
- ស្រវាំងភ្នែក
- ឈឺក្បាល
- បែកញើសត្រជាក់
- ញ័រដើមទ្រូង
- វង្វេងវង្វាន់
- ករណីធ្ងន់ធ្ងរ សន្លប់ ឬក៏បាត់បង់ជីវិតបើមិនបានទទួលការព្យាបាល។
៤) អ្វីខ្លះជាកត្តាប្រឈមដែលអាចនាំអោយមានបញ្ហាខ្វះជាតិស្ករ?
- មិនបានហូបអាហារ
- ផឹកស្រា ឬគ្រឿងស្រវឹង
- ហាត់កីឡាលើសកំណត់
- អ្នកជំងឺទឹកនោមផ្អែមដែលប្រើប្រាស់ថ្នាំប្រភេទ Sulfonylureas, Repaglinide, Insuline ដោយមិនមានគោរពការតាមដានជាតិស្ករទៀងទាត់ តាមការណែនាំពីគ្រូពេទ្យ។
- អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
- អ្នកជំងឺខ្សោយថ្លើម
- អ្នកជំងឺវ័យចាស់។
៥) ធ្វើដូចម្តេចខ្លះដើម្បីកាត់បន្ថយកត្តាប្រឈមកត្តាខាងលើ៖
- អ្នកជំងឺត្រូវយល់អំពីថ្នាំដែលខ្លួនប្រើប្រាស់ (ពេលវេលាប្រើប្រាស់កម្រិតជាតិថ្នាំ និងមិនត្រូវប្រើប្រាស់ថ្នាំខុសពីវេជ្ជបញ្ជា)
- ទទួលទានអាហារតាមពេលវេលាជៀសវាងខកខានពេលអាហារណាមួយ
- កុំហាត់ប្រាណលើសកំណត់
- កុំទទួលទានស្រា ឬជាតិស្រវឹងលើសកម្រិត
៦) វិធីសង្រ្គោះបឋមករណីអ្នកជំងឺខ្វះជាតិស្ករ៖
- បើអ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករចុះជ្រុលក្រោម ៧០ mg/dL ហើយអ្នកជំងឺមានស្មារតីគ្រប់គ្រាន់ អាចទទួលទានតាមមាត់បាន ត្រូវអោយអ្នកជំងឺពិសារជាតិស្ករប្រមាណ ១៥-២០ g (ស្ករស ២ស្លាបព្រា កាហ្វេ ឬទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេរ ឬទឹកក្រូចកន្លះកែវ ឬស្ករគ្រាប់ ៥ ទៅ ៦ គ្រាប់)
- ពិនិត្យជាតិស្ករអ្នកជំងឺ ១៥ នាទីក្រោយ បើជាតិស្ករនៅតែទាបជាង ៧០ mg/dL ត្រូវអោយអ្នកជំងឺពិសារជាតិស្ករ ១៥-២០ g ដូចខាងលើម្តងទៀត។
-ករណីអ្នកជំងឺមានអាការៈខ្វះជាតិស្ករហើយមិនអាចទទួលទានតាមមាត់បានកុំព្យាយាម
អោយអ្នកជំងឺទទួលទានតាមមាត់ព្រោះវាគ្រោះថ្នាក់ (ឆ្លក់) ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតដើម្បីអោយក្រុមគ្រូពេទ្យ
បញ្ចូលសេរ៉ូមផ្អែមតាមសរសៃ។
* ចំណាំ ៖ រាល់អ្នកជំងឺទឹកនោមផ្អែម ដែលមានប្រវត្តិខ្វះជាតិស្ករត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឯកទេសទឹកនោមផ្អែម ដើម្បីធ្វើការការពារកុំអោយកើតមានអាការៈបែបនេះម្តងហើយម្តងទៀត។
«បង្ការគ្រោះថ្នាក់ ដោយស្វែងយល់ច្បាស់លាស់អំពីជំងឺ
និងតាមដានពិគ្រោះជាប់លាប់ជាមួយគ្រូពេទ្យព្យាបាល!»
ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត
No comments:
Post a Comment